
ការទំនាក់ទំនងបានដើរតួយ៉ាងពិសេសនៅក្នុងជីវិតរស់នៅរបស់មនុស្សយើងម្នាក់ៗ។ ក្នុងនាមជាមនុស្ស យើងបានបង្កើតការទំនាក់ទំនងជាច្រើនរវាងខ្លួនឯង និងសង្គមខាងក្រៅ។ វាគឺជាកត្តាសភាវគតិមួយដែលមនុស្សម្នាក់ៗមិនអាចចៀសបាន។ ការទំនាក់ទំនងមានសារៈសំខាន់ណាស់ ប្រៀបបានទៅនឹងចំណីអាហារ ជំរក និងការបន្តពូជផងដែរ។ វាជាតម្រូវការមួយដែលកប់នៅក្នុងDNAរបស់យើង ដោយឆ្លងកាត់វឌ្ឍនភាពអស់រយៈពេលច្រើនសែន ច្រើនលានឆ្នាំណាស់មកហើយ។ អ្នកចិត្តសាស្រ្តនិងសង្គមសាស្ត្របានបែងចែកទំនាក់ទំនងជា២ប្រភេទមាន ជីវិតក្នុងសង្គម និងជីវិតជាបុគ្គល។
ជីវិតក្នុងសង្គម រឺ ទំនាក់ទំនងសង្គមគឺជាផ្នែកមួយនៃជីវិត ដែលគម្រោងមរតក កុសមៈមានការជឿជាក់យ៉ាងមុតមាំថាជាការទំនាក់ទំនងដែលមានភាពសាធារណៈ ហើយក៏ជាទំនាក់ទំនងមួយប្រភេទដែលពួកយើងព្យាយាមបង្កើតនៅគម្រោងយើងមានដូចជាទំនាក់ទំនងរវាងមិត្តភក្ដិ ការងារ វប្បធម៍សង្គម ដែលមានការផ្សាភ្ជាប់រវាងបុគ្គលទៅបុគ្គល បុគ្គលទៅសង្គម និងសង្គមទៅសង្គម។
ជីវិតបុគ្គល រឺជីវិតផ្ទាល់ខ្លួន គឺជាទំនាក់ទំនងរវាងបុគ្គល និងចិត្តរបស់ខ្លួនឯង។ វាទាមទារអោយមានការស្គាល់ខ្លួនឯង មានអត្តសញ្ញាណខ្លួនឯងថាខ្លួនជាអ្នកណា ចូលចិត្តធ្វើអ្វីនៅពេលទំនេរ ការយល់និងទទួលស្គាល់ចិត្តខ្លួនឯង ។ល ។ លើសពីនេះទៀតវាក៏មានការទំនាក់ទំនងពាក់កណ្ដាលសាធារណៈខ្លះៗដែ រដូចជាទំនាក់ទំនងគ្រួសារ និងមនុស្សជាទីស្រលាញ់ជាដើម។
ទំនាក់ទំនងទាំងពីរប្រភេទត្រូវបានផ្សាភ្ជាប់ទៅនឹងការវិវត្តិន៍របស់មនុស្ស ដែលមុននឹងការធ្វើទំនើបកម្ម មនុស្សយើងតែងតែរស់នៅជាក្រុមតូចៗ ដើម្បីសម្រេចបានគោលដៅធំៗដូចជាសុវត្ថិភាព និងការបន្តពូជ។ ទោះបីជាយើងដឹងថាទំនាក់ទំនងទាំងពីរប្រភេទមានសារៈសំខាន់ទៅដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់មនុស្សយើងក៏ដោយ យើងដាច់ខាតត្រូវតែមានតុល្យភាពនឹងគ្នាទៅវិញទៅមក។ នៅសម័យបអ៊ិនធើណេតដែលមានណ្ដាញសង្គមទូលំទូលាយ យើងភ្លេចអំពីតុល្យភាពជីវិតផ្ទាល់ខ្លួន និងជីវិតសាធារណៈ។
គុណសម្បត្តិ
ជានិច្ចកាលអ្វីៗក៏ដោយតែងតែមានចំណុចល្អ និងចំណុចមិនល្អ។ លើសពីចំណងមិត្តភាព ការធ្វើទំនាក់ទំនងក្នុងសង្គមមានផលប្រយោជន៍ជាច្រើនទៀតដែលយើងមិនសូវចាប់អារម្មណ៍ មានដូចជា ៖
- អាយុវែង ៖ តាមការសិក្សាជាច្រើននៅប្រទេសជប៉ុនកន្លងមកបានបង្ហាញអោយឃើញថា អ្នកដែលមានទំនាក់ទំនងសង្គមល្អតែងតែមានអាយុវែងជាងមនុស្សដែលចូលចិត្តរស់នៅតែម្នាក់ឯង។
- សុខភាពផ្លូវកាយល្អជាងមុន ៖ ការធ្វើទំនាក់ទំនងសង្គមត្រូវបានគេផ្សាភ្ជាប់ជាមួយនឹងប្រព័ន្ធភាពស៊ាំខ្លាំង មិនសូវងាយឈឺ សម្ពាធឈាមធ្លាក់ចុះ និងកាត់បន្ថយអត្រាការកើតជំងឺប្រព័ន្ធរបត់ឈាម។
- សុខភាពផ្លូវចិត្តប្រសើរជាងមុន ៖ ការសិក្សាបានបង្ហាញអោយឃើញថា អ្នកដែលមានទំនាក់ទំនងល្អជាមួយសង្គមរបស់គាត់បានធ្វើអោយគាត់បាត់បង់នូវអារម្មណ៍ឯការ កាត់បន្ថយអត្រាជំងឺបាក់ទឹកចិត្ត និងជំងឺផ្លូវចិត្តមួយចំនួនទៀត។
លើសពីនេះទៅទៀត តំណើរការមុខងារខួរក្បាលក៏បានកើនឡើងផងដែរមានដូចជាការចងចាំ ការផ្ចង់អារម្មណ៍ និងជំនាញវែកញែកជាដើម។ - បង្កើនជំនាញប្រាស្រ័យទាក់ទង ៖ ការប្រាស្រ័យទាក់ទងជាមួយគ្នាជួយអោយកោសិកាខួរក្បាលមនុស្សយើងផ្នែកបញ្ជាភាសាមានការកើនឡើ់ង។ លើសពីនេះទៀត វាធ្វើអោយមនុស្សយើងឆាប់ចាប់ និងបកប្រែបាននូវភាសាកាយវិការ ទឹកមុខ កែវភ្នែក និងឆាប់យល់ពីអារម្មណ៍អ្នកដទៃ។ ជំនាញទាំងនេះជួយអោយយើងធ្វើការទំនាក់ទំនងមានប្រសិទ្ធភាពជាងមុន។
- មានការចូលចុះក្នុងសហគមន៍ ៖ វាធ្វើអោយយើងមានអារម្មណ៍ថាចូលចុះជាមួយសហគមន៍របស់អ្នកមានដូចជាមិត្តភក្ដិ គ្រួសារ និងអ្នកក្បែរខាង។ គុណប្រយោជន៍នេះផ្ដល់អត្តសញ្ញាណ គោលបំណង និងអត្ថន័យដល់ជីវិតយើងម្នាក់ៗ។
តាមការលើកឡើងខាងលើនេះ យើងមើលឃើញថាការប្រាស្រ័យទាក់ទងគ្នារវាងបុគ្គលនិងសង្គមបានផ្ដល់អត្ថប្រយោជន៍ជាច្រើន។ ប៉ុន្តែ យើងក៏ពុំគួរភ្លេចនូវជីវិតផ្ទាល់ខ្លួនរបស់យើងដែរ។ តាមការសិក្សាផ្សេងៗទៀតជាច្រើនបានបង្ហាញអោយយើងឃើញថា ទំនាក់ទំនងរវាងខ្លួនឯងនឹងធ្វើអោយយើងចេះស្គាល់ខ្លួនឯង រួមទាំងគុណសម្បត្តិជាច្រើនទៀតដូចជាមានខ្លះៗដូចខាងក្រោម ៖
- ការអោយតម្លៃខ្លួនខ្ពស់ជាងមុន ៖ មានការសិក្សាមួយបានបង្ហាញអោយឃើញថា និស្សិតថ្នាក់មហាវិទ្យាល័យដែលអោយតម្លៃខ្លួនឯងខ្ពស់ រមែងតែងតែទទួលបាននូវភាពរីករាយ និងភាពពេញចិត្តនឹងខ្លួនឯងខ្ពស់។ លើសពីនេះទៅទៀត នៅពេលដែលមនុស្សយើងមានជីវិតផ្ទាល់ខ្លួនដែលពួកគេពេញចិត្ត ពួកគេតែងតែស្គាល់តម្រូវការ និងចំណង់ចំណូលចិត្តខ្លួនឯងច្បាស់។ ដោយសារមូលហេតុនេះ វាធ្វើអោយមនុស្សយើងមានភាពជឿជាក់ខ្លួនឯង និងពេញចិត្តនឹងខ្លួនប្រាណរបស់ខ្លួនឯង។
- ស៊ូជាមួយនឹងជំងឺផ្លូវចិត្តជាងមុន ៖ អ្នកដែលមានជីវិតផ្ទាល់ខ្លួនល្អប្រសើរអាចទប់ទល់ស៊ូទ្រាំនឹងជំងឺផ្លូវចិត្តបានល្អជាងអ្នកដែលផ្ដោតតែរឿងក្រៅខ្លួន។ មនុស្សប្រភេទនេះតែងតែមានទំលាប់ល្អ ហើយមានភាពបត់បែនបានខ្ពស់ដែលទំលាប់ទាំងអស់នោះជួយកាត់បន្ថយភាពចាញ់ច្រាប និងភាពបាក់ទឹកចិត្ត។
- ការទំនាក់ទំនងល្អជាងមុន ៖ ការស្គាល់ខ្លួនឯងច្បាស់ធ្វើអោយអ្នកដទៃងាយនឹងស្គាល់យើងច្បាស់ជាងអ្នកដែលមិនទាន់ស្គាល់ខ្លួនឯងដែលនាំអោយទំនាក់ទងក្នុងសង្គមមានភាពប្រសើរជាងមុនផងដែរ។ នេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលបង្ហាញថាទំនាក់ទំនងទាំងពីរប្រភេទមានការប្រសព្វគ្នា។
ការសន្និដ្ឋាន
ជាសេចក្ដីសង្ខេបមកវិញ យើងឃើញថាជីវិតផ្ទាល់ខ្លួនគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការស្វែងរកខ្លួនឯង គោរពខ្លួនឯង និងអោយតម្លៃខ្លួនឯង។ ឯជីវិតសង្គមវិញក៏បានដើរតួយ៉ាងសំខាន់ផងដែរក្នុងការបង្កើតទំនាក់ទំនងក្រៅខ្លួន។ ការចូលរួមសកម្មភាពសង្គមនឹងធ្វើអោយទំនាក់ទំនងសង្គមល្អជាងមុនលើសពីការរំពឹងទុក។យោងទៅលើការបកស្រាយទាំងអស់ខាងលើនេះ យើងអាចធ្វើការសន្និដ្ឋានបានថាទំនាក់ទំនងទាំង២ប្រភេទមានសារៈសំខាន់រៀងៗខ្លួន។ អ្វីដែលយើងគួរតែចាប់អារម្មណ៍នោះគឺយើងដាច់ខាតត្រូវរក្សាតុល្យភាពរវាងការប្រាស្រ័យទាក់ទងទាំងពីរប្រភេទ។ គួរតែបញ្ជាក់ផងដែរថា យើងមិននិយាយថាការរស់នៅប្រភេទណាខុសនោះទេ អ្វីដែលសំខាន់គឺយើងមិនគួរជ្រើសរើសវិធីណាដែលមានពាក្យថា”ពេក”នោះទេ។ យើងទាំងអស់គ្នាមានសិទ្ធិសម្រេចចិត្តជ្រើសយករបៀបរស់នៅមួយដែលធ្វើអោយសុខភាពផ្លូវចិត្តអ្នកល្អប្រសើរ។
នៅគម្រោងមរតកកុសមៈ ពួកយើងបាន និងកំពុងរៀបចំផ្ទះលំហែជាថ្នាលបណ្ដុះបណ្ដាលជាសហគមន៍មួយ ដើម្បីអោយប្រជាជនលំហែ គេចចេញពីភាពស្មុគស្មាញ និងបង្កើតភាពជាសហគមន៍ជាធ្លុងមួយដើម្បីបង្កើតទំនាក់ទំនងសង្គម។ គម្រោងមរតកកុសមៈគឺជាគម្រោងតែមួយគត់នៅប្រទេសកម្ពុជាដែលផ្ដោតយ៉ាងសំខាន់ទៅលើសុខភាពផ្លូវកាយ និងផ្លូវចិត្ត រចនាឡើងដើម្បីជាទីលំហែរបស់អ្នកចូលនិវត្តន៍ទាំងឡាយដែលត្រូវការផ្ទះលំហែផ្សាភ្ជាប់នឹងធម្មជាតិ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍អាចធ្វើការទាក់ទងមកក្រុមការងារយើងខ្ញុំដើម្បីទទួលបានព័ត៏មានបន្ថែម។