ចំនុចសំខាន់ៗទាំង១២ ដើម្បីត្រៀមលក្ខណៈមុនទៅបោះតង់

            នៅប្រទេសកម្ពុជា ការបោះតង់គឺជាសកម្មភាពបែបលំហែមួយប្រភេទដែលកំពុងពេញនិយមក្នុងចំណោមយុវវ័យសម័យថ្មី។ វាគឺជាសកម្មភាពមួយដែលផ្ដល់ឧកាសអោយមនុស្សគ្រប់រូបគេចផុតពីជីវិតបែបស្មុគស្មាញ ផ្លាស់ទៅរកភាពសាមញ្ញ កាត់ផ្ដាច់ការញៀននឹងបច្ចេកវិទ្យា ឆ្ងាយពីផ្សែងពុល សំលេងរំខាន និងចរ៉ាចរអត់របៀប។ លើសពីនេះទៅទៀត វាធ្វើអោយយើងមានពេលរៀនស្គាល់ខ្លួនឯង នៅជាមួយខ្លួនឯង រឺមនុស្សជាទីស្រលាញ់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការបោះតង់តម្រូវអោយមានការរៀបចំត្រៀមលក្ខណៈច្រើន។ ខាងក្រោមនេះគឺជា​ចំ​នុចខ្លះៗដែលយើងគួរតែពិចារណាមុននឹងទៅបោះតង់កំសាន្ត។

 

            សំនួរទី១ ៖ តើយើងគួររើសកន្លែងបោះតង់នៅទីណា?

 

ប្រសិនបើលោកអ្នកមានដីលំហែផ្ទាល់ខ្លួន លោកអ្នកអាចបោះតង់កំសាន្តនៅទីនោះបានដោយមិនសល់ខ្វល់ខ្វាយពីបញ្ហាមួយចំនួនធំ។ ក្រៅពីនេះ ការរើសកន្លែងបោះតង់ត្រូវការអោយយើងសម្រេចចិត្តទៅលើកត្តាជាច្រើនដូចជា ៖

  • ការថតរូប             ៖          តើអ្នកទាំងអស់គ្នាចង់ថតរូបលក្ខណៈដូចម្ដេច? ទេសភាព? ថតផ្កាយ? ថតផ្ការ?
  • ការដើរព្រៃពេលថ្ងៃ ៖          តើយើងចង់គ្រាន់តែបោះតង់កំសាន្តស្រស់ស្រូបធម្មជាតិនិងទេសភាព រឺក៏ចង់ដើរព្រៃបន្ថែមនៅពេលថ្ងៃ?
  • ការមើលផ្កាយ ៖          ជាធម្មតា ទីតាំងខ្លះមិនអាចអោយយើងមើលឃើញផ្កាយដោយភ្នែកទទេរនោះទេដោយសារកត្តាការបំពុលដោយពន្លឺ។ វាក៏ជាទេសភាពមួយដ៏គួរអោយគយគន់នៅពេលយើងនិយាយពីអារម្មណ៍ខ្លួនឯង។
  • ការទំនាក់ទំនងជាមួយសហគមន៍ ៖ តើយើងចង់ស្វែងយល់ពីរបៀបរស់នៅរបស់សហគមន៍មួយដែលនៅឆ្ងាយពីទីក្រុងកម្រិតណា?តើពួកគាត់មានសកម្មភាពកំសាន្តរបៀបណា?

 

           សំនួរទី២ ៖ តើយើងចង់មានសកម្មភាពណាខ្លះទៀតក្នុងកំឡុងពេលទៅបោះតង់?

 

  • សកម្មភាពដើរព្រៃ ៖          នៅប្រទេសកម្ពុជាយើង តំបន់ខ្លះអាចផ្ដល់បទពិសោធន៍ម្ដងទាំង២ ទាំងដើរព្រៃពេលថ្ងៃ ទាំងបោះតង់ពេលយប់។ នៅពេលដើរព្រៃ យើងនឹងឃើញទេសភាពប្លែកៗ ព្រមទាំងសត្វព្រៃមួយចំនួនផងដែរ។
  • ការថតរូប ៖          កម្ពុជាជាទឹកដីសុវណ្ណភូមិដែលសំបូរទៅដោយព្រៃភ្នំ ពោរពេញទៅដោយទេសភាពដ៏គួរអោយគយគន់។ យើងគួរចាប់យកសម្រស់វាលស្មៅរឺព្រៃឈើធម្មជាតិដែលប្រែពណ៏គ្រប់រដូវ ព្រមទាំងព្រះអាទិត្យអស្ដង្គតផងដែរ។
  • គេងមើលផ្កាយ ៖          យើងតែងតែភ្លេចថា នៅលើមេឃក៏មានទស្សនីយភាពពីធម្មជាតិមួយដែរគឺបណ្ដុំផ្កាយនិងកាឡាក់ស៊ី។ ដោយនៅទីក្រុងត្រូវបានបំពុលទៅដោយពន្លឺមិនអាចអោយយើងមើលវាឃើញ យើងគប្បីផ្ដិតយកទស្សនីយភាពនេះអោយបានជាប់នៅក្នុងក្រអៅបេះដូងយើង។
  • ការធ្វើម្ហូបជុំគ្នា ៖          ការធ្វើម្ហូបនៅពេលបោះតង់ត្រូវការអោយមានការរៀបចំច្រើនដោយមានឧបសគ្គជាច្រើនដែលយើងនឹងបកស្រាយនៅសំនួរបន្ទាប់។

 

          សំនួរទី៣ ៖ តើបញ្ហាប្រឈមនៅពេលបោះតង់មានអ្វីខ្លះ? ហើយយើងអាចដោះស្រាយវាបានយ៉ាងដូចម្ដេច?

 

  • បញ្ហាអាកាសធាតុ ៖          មុននឹងសម្រេចចិត្តថាបោះតង់ យើងគប្បីស្វែងយល់ពីអាកាសធាតុនៅប្រទេសកម្ពុជា រួចបើកចិត្តទទួលយកនូវភាពដែលមិនអាចព្យាករណ៍ទុកមុនបាន។ យើងអាចត្រៀមខ្លួនប្រឈមនឹងអាកាសធាតុបានដោយប្រើប្រាស់ប្រភេទតង់ និងឧបករណ៍ដែលសមស្របនឹងរដូវកាល។ តង់សម្រាប់រដូវភ្លៀងមិនអាចយកមកប្រើនៅរដូវក្ដៅបានទេ។ ដាក់របស់ស្រាលៗតាមខ្លួន ជៀសវាងទៅតំបន់ទំនាប និងប្រើប្រភេទតង់ដែលធន់នឹងខ្យល់កន្ត្រាក់ក្នុងករណីរដូវភ្លៀង។ ពេលវេលាដែលល្អបំផុតដើម្បីធ្វើការបោះតង់គឺចន្លោះពីខែវិច្ឆិកាទៅដល់ខែមិនាយោងទៅលើសីតុណ្ហភាព និងអត្រាភ្លៀងធ្លាក់តិច។
  • កត្តាសត្វព្រៃ ៖          ប្រសិនជាយើងបោះតង់កណ្ដាលព្រៃ យើងនឹងរមែងជួបសត្វព្រៃផ្សេងៗដូចជាស្វា ចចក សត្វល្អិត និងសត្វដែលយើងទាំងអស់គ្នាស្រលាញ់ គឺសត្វពស់។ ហេតុនេះហើយ ដើម្បីជៀសវាងការបាត់បង់ម្ហូបអាហារនៅពេលចូលគេង យើងគប្បីរៀបចំធុង រឺប្រអប់ដែលបិទជិត។
  • កត្តាសុខភាព ៖          ការបោះតង់មិនសម្រាប់អ្នកទាំងអស់គ្នាទេ ជាពិសេសអ្នកដែលមានវ័យចំណាស់ រឺអ្នកដែលមានបញ្ហាសុខភាពខ្សោយស្រាប់។ លើសពីនេះទៅទៀត ការគ្រោះថ្នាក់ជាយថាហេតុមួយចំនួនក៏អាចកើតមានឡើងដែរ។ អ្វីដែលយើងអាចត្រៀមបាននោះគឺមានថ្នាំសង្កូវត្រៀមទុក ដែលល្អបំផុតនោះគឺប្រអប់First Aid Kit។
  • បញ្ហាចម្អិនម្ហូបអាហារ ៖          នៅកណ្ដាលព្រៃ យើងនឹងមិនមានឧបករណ៍ចម្អិនអាហារស្រួលដូចនៅផ្ទះនោះទេ។ សូម្បីតែការសម្អាតក៏មិនអាចសម្អាតបានស្អាតផ្លឹងបានឡើយ។ នៅពេលខ្លះអាកាសធាតុក៏មិនអំណោយផល ខ្វះគ្រឿងគ្រៅ។ លើសពីនេះទៀតនៅមានកត្តាខាងក្រៅផ្សេងៗទៀតដូចជាច្បាប់ទាក់ទងនឹងអគ្គីភ័យ ច្បាប់ទាក់ទងនឹងសត្វព្រៃជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ការចម្អិនម្ហូបនៅក្នុងព្រៃអាចចាត់ទុកថាជាសកម្មភាពពិបាកតែសប្បាយជុំគ្នា បង្កើតអនុស្សាវរីយ៍ជូរចត់ជាមួយគ្នា។ ប្រសិនបើអ្នកធ្វើតំណើរទៅកន្លែងបោះតង់ដោយថ្មើរជើង យើងពុំគួរយកអាហារ រឺអីវ៉ាន់ធ្ងន់ៗទៅឡើយ។

សរុបសេចក្ដីមក ការបោះតង់កំសាន្តគឺជាសកម្មភាពមួយដែលមានអត្ថប្រយោជន៍ច្រើន ប៉ុន្តែក៏ទៀមទារការត្រៀមលក្ខណៈទុកមុនខ្លះដែរ។ ដូចនេះហើយ ពួកយើងតំណាងគម្រោងផ្ទះលម្ហែរមរតកកុសមៈសង្ឃឹមថាអត្ថបទខ្លីមួយនេះ អាចជួយលោកអ្នកដើម្បីដកបទពិសោធន៍ពីសកម្មភាពថ្មីៗទាំងនេះបាន។